កុំឆ្ងល់ទៀតអី នេះហើយជាហេតុផលដែលមនុស្សប្រុសឆាប់ស្លាប់ជាងមនុស្សស្រី

Loading...

អត្ថបទនេះពន្យល់ពីហេតុផលជីវសាស្រ្តដែលស្ត្រីជាទូទៅមានអត្រាសង្ឃឹមរស់ (រយៈពេលដែលមនុស្សម្នាក់អាចរស់បាន) ខ្ពស់ជាងបុរស។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺ (Center for Disease Control and Prevention-CDC) ជាទូទៅស្ត្រីមានអាយុវែងជាងបុរស ៥ទៅ៧ឆ្នាំ។ ក្នុងនោះមានកត្តាជាច្រើនទៀតដែលកាត់បន្ថយអាយុជីវិតរបស់បុរសនិងក្មេងប្រុស បើធៀបទៅនឹងស្ត្រីនិងក្មេងស្រី ឬកត្តាដែលធ្វើឱ្យស្រ្តីមានអាយុវែងជាងបុរស ដែលមានមួយចំនួនដូចខាងក្រោម។

ការផ្លាស់ប្ដូរក្នុង DNA ធ្វើឱ្យបុរសចាស់លឿន

បុរសហាក់វិវឌ្ឍន៍ទៅរកវ័យចាស់លឿនជាងស្ត្រី ហើយមូលហេតុគឺការផ្លាស់ប្តូរសែននៅក្នុង DNA នៃ Mitochondria ក្នុងរាងកាយបុរស។ អ្នកវិទ្យាសាស្ត្របានរកឃើញថាការផ្លាស់ប្តូរសែននៅក្នុង Mitochondria ក្នុងរាងកាយបុរសមានទំនោរធ្វើឱ្យពួកគេមានវ័យកាន់តែចាស់លឿន ខណៈដែលករណីនេះមិនកើតមានលើស្ត្រីនោះទេ។

ការផ្លាស់ប្តូរក្រូម៉ូសូមភេទ

បុរសមានគូក្រូម៉ូសូម X និងY ខណៈដែលស្ត្រីមានតែគូក្រូម៉ូសូម X ប៉ុណ្ណោះ។ ក្នុងករណីមានការផ្លាស់ប្តូរក្រូម៉ូសូមភេទ បុរសនិងស្ត្រីនឹងទទួលរងផលប៉ះពាល់ខុសៗគ្នា។ ការផ្លាស់ប្តូរសែនដែលកើតលើក្រូម៉ូសូម X នៅក្នុងខ្លួនបុរសនឹងមានឥទ្ធិពលលើអាយុរបស់ពួកគេ។ ដោយឡែក ការផ្លាស់សែនលើក្រូម៉ូសូម X ក្នុងខ្លួនស្ត្រីនឹងមិនមានឥទ្ធិពលទេ។

ភាពខុសគ្នានៃអរម៉ូន

Loading...

ការផលិតអរម៉ូនភេទមានឥទ្ធិពលលើអាយុជីវិតបុរសនិងស្រ្តី ។ អរម៉ូនភេទគឺសំខាន់សម្រាប់ការបង្កើត និងការលូតលាស់នៃសរីរាង្គផ្លូវភេទ។ អរម៉ូនបុរស Testosterone បង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ដែលគេស្គាល់ថា កូឡេស្តេរ៉ូល Low-Density Lipoproteins (LDL) ដែលបង្កើនហានិភ័យនៃជម្ងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អរម៉ូនស្រ្តី Estrogen ជួយកាត់បន្ថយការប្រមូលផ្តុំ LDL និងបន្ថយហានិភ័យនៃជម្ងឺទាក់ទងនិងបេះដូង។ ដូច្នេះ បុរសទំនងជានឹងកើតជម្ងឺទាក់ទងនឹងបេះដូងជាងស្ត្រី ហើយដែលការណ៍នេះបង្កើនអត្រាស្លាប់របស់បុរស។

ការរស់នៅក្នុងលក្ខណៈគ្រោះថ្នាក់

បុរសទំនងជារស់នៅក្នុងលក្ខណៈគ្រោះថ្នាក់ និងពាក់ព័ន្ធនឹងសកម្មភាពហឹង្សាញឹកញាប់ជាងស្រ្តី។ ពួកគេទទួលយកនូវហានិភ័យច្រើន ដែលបង្កើនភាពងាយរងគ្រោះចំពោះគ្រោះថ្នាក់ និងការស្លាប់។ ចំពោះការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពដូចជាការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឬឧបករណ៍សុវត្ថិភាពដទៃទៀត បុរសហាក់ដូចជាមិនអើពើនឹងបទដ្ឋាននេះ ខណៈដែលស្ត្រីមានការប្រុងប្រយ័ត្នច្រើនជាង។ បុរសច្រើនជាជនរងគ្រោះនៃការប្រើគ្រឿងញៀន គ្រឿងស្រវឹង អំពើភេរវកម្ម និងឥរិយាបថគ្រោះថ្នាក់ផ្សេងទៀត។

ការថយចុះនៃប្រព័ន្ធភាពស៊ាំ

អត្រានៃការថយចុះនៃប្រព័ន្ធភាពស៊ាំរបស់បុរសគឺខ្ពស់ជាងស្ត្រី។ នៅវ័យក្មេង បុរសមានចំនួនកោសិកាឈាមសខ្ពស់ជាងស្ត្រីដែលមានអាយុប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណា អត្រានៃការថយចុះនៃកោសិកាឈាមសគឺលឿនចំពោះបុរសជាងស្ត្រី ហើយនៅទីបំផុតស្ត្រីនឹងមានចំនួន Lymphocytes ខ្ពស់ជាងបុរស។

ប្រភព ៖ Worldatlas

Loading...