ការពិត១០យ៉ាងដែលអ្នកមិនដឹងអំពីសង្រ្គាមលោកលើកទី១

Loading...

សង្រ្គាមលោកលើកទី១ជាសង្គ្រាមដែលបំផ្លិចបំផ្លាញមនុស្សជាតិបំផុត មុននឹងកើតមានសង្គ្រាមលោកលើកទី២ ។ ថ្វីបើនយោបាយនៅពេលនោះជាដើមចមនៃសង្គ្រាមក៏ដោយ ប៉ុន្តែសង្រ្គាមផ្ទុះឡើងបន្ទាប់ពីការធ្វើឃាត Archduke Franz Ferdinand នៃប្រទេសអូទ្រីសនិងភរិយាឈ្មោះ Sophie ដោយឃាតករជនជាតិស៊ែប៊ី។ ទោះយ៉ាងណា មុនពេលមានការធ្វើឃាតនេះ ប្រទេសនិងអាណាចក្រជាច្រើនបាននិងកំពុងស្វែងរកមធ្យោបាយពង្រីកទឹកដីរបស់ខ្លួន ប្រឆាំងនឹងការពង្រីកអាណាចក្រផ្សេងៗ ព្រមទាំងសងសឹកចំពោះការបាត់បង់របស់ពួកគេក្នុងសង្គ្រាមកាលពីអតីតកាល។ ក្រៅពីចំណុចជាច្រើនដែលមនុស្សដឹងពីសង្រ្គាមលោកលើកទី១ នៅមានការពិតមួយចំនួនដែលគេប្រហែលមិនធ្លាប់បានដឹងដូចជាចំណុចខាងក្រោម។

10. អាណាចក្រទាំង៣ នៅពេលនោះត្រូវបានគ្រប់គ្រងដោយបងប្អូនជីដូនមួយ

ប្រទេសអាល្លឺម៉ង់ ប្រទេសរូស្ស៊ី និងចក្រភពអង់គ្លេស គឺជាអាណាចក្រទាំង៣ នៅក្នុងសង្គ្រាមលោកលើកទី១ ដែលត្រូវបានគ្រប់គ្រងដោយបងប្អូនជីដូនមួយ ។ Kaiser Wilhelm II នៃប្រទេសអាល្លឺម៉ង់ ស្តេច George V នៃប្រទេសអង់គ្លេស និង Tsar Nicholas II នៃប្រទេសរុស្ស៊ីគឺជាបងប្អូនជីដូនមួយនឹងគ្នា។ អធិរាជទាំង៣ គឺជាកូនចៅជំនាន់ក្រោយរបស់ស្តេច George​ II នៃប្រទេសអង់គ្លេស ដោយមាតារបស់ Wilhelm II គឺជាប្អូនស្រីរបស់បិតារបស់ George V ហើយមាតារបស់ George V និងមាតារបស់ Nicholas II គឺជាបងប្អូនស្រីនឹងគ្នា។

9. រុស្ស៊ីសុំឱ្យអាល្លឺម៉ងបញ្ឈប់សង្រ្គាម

សង្គ្រាមលោកលើកទី១ ចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ថ្ងៃដែលប្រទេសអូទ្រីស- ហុងគ្រីប្រកាសសង្គ្រាមជាមួយប្រទេសស៊ែប៊ី។ នៅព្រឹកថ្ងៃដដែលនោះ Nicholas II បានផ្ញើ Telegram ទៅ Wilhelm II ដើម្បីសុំឱ្យបញ្ឈប់សង្គ្រាម។ Nicholas II បានពន្យល់ថាសង្គ្រាមប្រឆាំងនឹងស៊ែប៊ីនឹងនាំឱ្យមានការចូលរួមពីរុស្ស៊ីដែលនេះជាអ្វីដែលគាត់មិនចង់។ Wilhelm បានឆ្លើយតបថាសង្គ្រាមដែលកំពុងកើតឡើងនេះមិនមាននយោបាយទេ គឺគ្រាន់តែដើម្បីដោះស្រាយជាមួយមនុស្សដែលបានធ្វើឃាត Archduke ហើយបានបន្ថែមថាលោកកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថាប្រទេសអូទ្រីស-ហុងគ្រីអាចឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ បងប្អូនជីដូនមួយទាំងពីរបានបន្តឆ្លើយឆ្លងគ្នា តែយ៉ាងណាក៏ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងទេ ទោះបីពួកគេមិនចង់បានសង្រ្គាមក៏ដោយ។ ខណៈពេលដែលអ្នកទាំងពីរទាក់ទងចរចាគ្នា ពួកគេមិនបានបញ្ឈប់ការចល័តទ័ពរបស់ខ្លួនឡើយ ហើយពួកគេមិនបានធ្វើអ្វីដើម្បីពន្យារពេលសង្គ្រាមនោះទេ។ ដូចនេះហើយ នៅថ្ងៃទី១ ខែសីហា អាល្លឺម៉ង់បានប្រកាសសង្គ្រាមជាមួយប្រទេសរុស្ស៊ី។

8. សង្រ្គាមនេះបានធ្វើឱ្យរុស្ស៊ីក្លាយជាកុម្មុយនីស្ត

សង្គ្រាមបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ដោយវាមានរយៈពេលវែងជាងការរំពឹងទុក ហើយគ្មានសង្ឃឹមថាប្រទេសរុស្ស៊ីនឹងឈ្នះនោះទេ។ នៅខែកុម្ភៈ ឆ្នាំ១៩១៧ អតិផរណានិងកង្វះខាតស្បៀងអាហារបានបង្កឱ្យមានការតវ៉ាដែលបានប្រែក្លាយទៅជាបដិវត្តន៍យ៉ាងឆាប់រហ័ស។ Nicholas ត្រូវបានគេបង្ខំឱ្យដាក់រាជ្យ។ រដ្ឋាភិបាលបណ្តោះអាសន្នបានចូលកាន់កាប់ ប៉ុន្តែបានធ្វើតិចតួចដើម្បីដោះស្រាយការតវ៉ាដែលបានបណ្តាលឱ្យមានបដិវត្តន៍។ បដិវត្តន៍ទីពីរដែលដឹកនាំដោយ Vladimir Lenin នៃគណបក្ស Bolshevik បានកើតឡើងនៅខែវិច្ឆិកា ឆ្នាំ១៩១៧ ដោយបានផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្ន។ Lenin បានចូលចរចាជាមួយអាល្លឺម៉ង់ដែលនាំឱ្យមានសន្ធិសញ្ញា Brest-Litovsk នៅខែមីនា ឆ្នាំ១៩១៨ ដែលបានបញ្ចប់ការចូលរួមរបស់រុស្ស៊ីក្នុងសង្គ្រាមលោកលើកទី១។ ប្រទេសរុស្ស៊ីបានប្រគល់អ៊ុយក្រែន ហ្វាំងឡង់ ប៉ូឡូញ និងដែនដីបាល់ទិកទៅឱ្យប្រទេសអាល្លឺម៉ង់ ដើម្បីជាថ្នូរឱ្យអាល្លឺម៉ង់ដកថយពីរុស្ស៊ី។

7. សង្រ្គាមបានធ្វើឱ្យអាណាចក្រទាំង៣ដួលរលំ ហើយបង្កើតឡើងនូវប្រទេសជាច្រើន

សង្គ្រាមលោកលើកទី១បានផ្លាស់ប្តូរព្រំដែនអឺរ៉ុបនិងអាស៊ី។ វាបាននាំឱ្យមានការដួលរលំនៃអាណាចក្រ៣ និងការបង្កើតប្រទេសមួយចំនួន។ អាល្លឺម៉ង់ អូតូម៉ង់ និងរុស្ស៊ីបានដួលរលំនៅចុងបញ្ចប់នៃសង្រ្គាម។ ប្រទេសប៉ូឡូញបានឯករាជ្យពីរុស្ស៊ី ហើយអូទ្រីស-ហុងគ្រី ត្រូវបានបំបែកជាប្រទេសអូទ្រីស ប្រទេសហុងគ្រី ប្រទេសឆេកូស្លូវ៉ាគី និងប្រទេសយូហ្គោស្លាវី។ ដែនដីចក្រភពអូតូម៉ង់ត្រូវបានបែងចែករវាងអង់គ្លេស និងបារាំង។ ប្រទេសអាល់បានី អាល់ហ្សេរី Bosnia and Herzegovina ប៊ុលការី Croatia អេហ្ស៊ីប ក្រិក ហុងគ្រី អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដង់ គុយវ៉ែត លីបង់ ម៉ាសេដូន ម៉ុងតេណេហ្គ្រោ រ៉ូម៉ានី រុស្ស៊ី អារ៉ាប៊ីសាអូឌីត​ ស៊ែប៊ី ស្លូវេនី ស៊ីរី ទុយនីស៊ី ទួរគី និងអេមីរ៉ាត់អារ៉ាប់រួម ដែលមានបច្ចុប្បន្នគឺធ្លាប់ជាផ្នែកទាំងស្រុង ឬជាផ្នែកមួយនៃចក្រភពនេះ។

Loading...

6. អាហារ សត្វឆ្កែ និងពាក្យដែលមានប្រភពដើមអាល្លឺម៉ង់ត្រូវបានប្តូរឈ្មោះ

មុនពេលប្រកាសសង្រ្គាម​ ភាសាអាល្លឺម៉ង់ជាភាសាដែលគេនិយាយច្រើនបំផុតទី២ នៅសហរដ្ឋអាមេរិកបន្ទាប់ពីភាសាអង់គ្លេស។ ទោះជាយ៉ាងណា នៅពេលអាមេរិកប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់ មានចលនាប្រឆាំងនឹងអាល្លឺម៉ង់ ភាសាអាល្លឺម៉ង់ត្រូវបានដកចេញពីកម្មវិធីសិក្សារបស់សាលារៀនជាច្រើននៅសហរដ្ឋអាមេរិក ហើយសៀវភៅអាល្លឺម៉ង់ត្រូវបានគេហាមឃាត់ សូម្បីអាហារដំឡូងចៀនអាល្លឺម៉ង់ក៏ត្រូវប្តូរជាឈ្មោះអាមេរិកដែរ។

5. ទាហានប្រយុទ្ធក្នុងលេណដ្ឋានសម្រាប់ផ្នែកល្អនៃសង្រ្គាម

សង្រ្គាមលោកលើកទី១មានការប្រើកាំភ្លើងយន្តជាលើកដំបូង។ ដើម្បីការពារខ្លួនពួកទាហានបានរៀននិងបង្កើតលេណដ្ឋានដែលមានរយៈចម្ងាយរាប់គីឡូម៉ែត្រ។ លេណដ្ឋានដែលវែងជាងគេគឺលេណដ្ឋាននៅWestern Front ដែលលាតសន្ធឹងពីប៊ែលហ្សិកទៅបារាំងចុះទៅប្រទេសស្វីស។

4. សង្រ្គាមនាំឱ្យមានការអភិវឌ្ឍបង្កើតរថក្រោះ

សង្គ្រាមលេណដ្ឋានបាននាំឱ្យមានភាពតានតឹងព្រោះគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។ ភាគីសងខាងបន្តលាក់ខ្លួនតែក្នុងលេណដ្ឋានរបស់ពួកគេ និងបានបើកការវាយប្រហារផ្នែកខាងមុខភាគច្រើនបញ្ចប់ដោយគ្រោះថ្នាក់។ បន្ទាប់មករថក្រោះក៏បង្ហាញខ្លួនឡើង។ មុនពេលសង្រ្គាម សំណើបង្កើតរថក្រោះនៅក្នុងប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ត្រូវបានគេបដិសេធ។ ទោះយ៉ាងណា ក្នុងអំឡុងពេលសង្រ្គាម អង់គ្លេសនិងបារាំងបានធ្វើការបង្កើតរថគ្រោះរៀងៗខ្លួនយ៉ាងសម្ងាត់ ដោយសង្ឃឹមថានឹងប្រើវាដើម្បីបំបែកភាពទាល់ច្រកនេះ។ ប្រទេសអង់គ្លេសគឺជាអ្នកបង្កើតរថក្រោះដំបូងគេដែលបានដាក់ពង្រាយនៅសមរភូមិ Somme នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩១៦។

3. សង្រ្គាមនេះត្រូវបានគេហៅឈ្មោះផ្សេងៗ តែមិនហៅថាជាសង្គ្រាមលោកលើកទី១ទេ

សង្រ្គាមលោកលើកទី១នេះ មិនត្រូវបានគេហៅថាសង្គ្រាមលោកលើកទី១ទេ។ នៅសហរដ្ឋអាមេរិក គេហៅសង្រ្គាមនេះថា សង្គ្រាមអឺរ៉ុប ខណៈដែលអ្នកផ្សេងទៀតហៅថា សង្គ្រាមដ៏ធំ (Great War)។ ការលើកឡើងដំបូងនូវពាក្យ “សង្រ្គាមលោក” ចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីកាសែតអាមេរិកបានចាប់ផ្តើមប្រើឈ្មោះនេះនៅពេលសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមនៅឆ្នាំ១៩១៧។

2. សង្រ្គាមបានធ្វើឱ្យមានបញ្ហាបំណុលយ៉ាងធ្ងន់ធ្ងរ និងលេចឡើងនូវសហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចមួយ

សង្គ្រាមត្រូវចំណាយអស់ជាច្រើន ដោយសង្គ្រាមបានបំផ្លាញឧស្សាហកម្ម និងសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងបារាំង។ ក្រៅពីប្រទេសអាល្លឺម៉ង់ ប្រទេស៣ផ្សេងទៀតពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។ សម្ព័ន្ធមិត្តបានទិញជាច្រើនយ៉ាងពីសហរដ្ឋអាមេរិក ហើយសេដ្ឋកិច្ចអាមេរិកបានប្តូរពីការផលិតទំនិញស៊ីវិលទៅជាទំនិញយោធា។ នៅពេលសង្គ្រាមបានបញ្ចប់ ពួកសម្ព័ន្ធមិត្តត្រូវជំពាក់បំណុលអាមេរិក និងបំណុលគ្នាឯងយ៉ាងធ្ងន់ធ្ងរ។

1. សង្រ្គាមនេះបានរួមចំណែកដល់ការឡើងកាន់អំណាចរបស់ហ៊ីត្លែរ និងសង្គ្រាមលោកលើកទី២

សន្ធិសញ្ញា Versailles បានបញ្ចប់ជាផ្លូវការនូវសង្គ្រាមលោកលើកទី១ ដោយសន្ធិសញ្ញានេះបង្គាប់ឱ្យអាល្លឺម៉ង់បង់ 269 billion gold marks (រូបិយប័ណ្ណអាល្លឺម៉ង់នៅពេលនោះ) ដែលស្មើនឹងមាស 100,000 តោនទៅឱ្យសម្ព័ន្ធមិត្ត ហើយអាល្លឺម៉ង់ត្រូវទទួលខុសត្រូវចំពោះសង្គ្រាម។ បំណុលនេះបានដាក់បន្ទុកយ៉ាងធ្ងន់លើអាល្លឺម៉ង់។ អាល្លឺម៉ង់ទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅចុងបញ្ចប់នៃសង្គ្រាម។ ភាពអត់ការងារធ្វើមានច្រើន ហើយអតិផរណាបានកើនឡើងយ៉ាងខ្លាំង ប៉ុន្ដែប្រទេសនៅត្រូវបង់សំណងនិងទទួលខុសត្រូវ ចំពោះសង្គ្រាម។ ប្រជាពលរដ្ឋអាល្លឺម៉ង់មិនចង់បានដូច្នេះទេ។ ទាំងនេះជាកត្តាសំខាន់ៗដែលនាំឱ្យ Adolf Hitler និងគណបក្សណាស៊ីចូលកាន់អំណាច។ ពេលហ៊ីត្លែរឡើងកាន់អំណាចគាត់បានបដិសេធមិនបង់សំណងទៀត ហើយបានសាងកងទ័ពនិងធ្វើសង្គ្រាមលោកលើកទី២។

ប្រភព៖ Listverse

Loading...