១២យ៉ាងដែលអ្នកធ្លាប់ឮក្នុងថ្នាក់ជីវវិទ្យាហើយនៅតែជឿដល់ឥលូវ ប៉ុន្តែវាមិនមែនជាការពិត

Loading...

ពេលខ្លះវិទ្យាសាស្ត្រវិវត្តន៍ជឿនលឿនជាងកម្មវិធីសិក្សានៅសាលារៀនទៅទៀត ហើយបើគ្រូបង្រៀនមិនបានធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនទៀតនោះ អាចនឹងបង្រៀនអ្វីដែលហួសសម័យ ឬដែលធ្លាប់តែបង្រៀនកន្លងមកដល់សិស្ស។ ដូចនេះហើយ ពេលខ្លះវាធ្វើឱ្យចំណុចមួយចំនួនដែលរៀននៅសាលាមានលក្ខណៈមិនត្រឹមត្រូវ ឬមិនមែនជាការពិត ជាក់ស្តែងដូចជាចំណុចទាំង១២យ៉ាងខាងក្រោម។

1. មនុស្សវិវត្តន៍មកពីសត្វស្វា

ជាទូទៅគេតែងយល់ថា មនុស្សវិវត្តន៍មកពីសត្វស្វា ប៉ុន្តែតាមពិតវាជាការយល់ខុស។ Darwin មិនបានអះអាងថាមនុស្សវិវត្តន៍ពីសត្វស្វានោះទេ ផ្ទុយទៅវិញលោកអះអាងថា ដោយសារតែភាពស្រដៀងគ្នាយ៉ាងច្រើនរវាងមនុស្សនិងសត្វស្វា ដូចនេះហើយមនុស្សនិងសត្វស្វាប្រហែលជាមានបុព្វបុរសតែមួយរួមគ្នាដែលបានរស់នៅកាលពីរាប់លានឆ្នាំមុន។

2. មនុស្សស្ថិតនៅលើគេនៃវដ្តអាហារឬខ្សែចង្វាក់អាហារ

ក្រុមអ្នកស្រាវជ្រាវបារាំងមួយក្រុមបានធ្វើការគណនាយ៉ាងច្បាស់លាស់អំពីទីតាំងរបស់មនុស្សក្នុងវដ្តអាហារ ឬខ្សែចង្វាក់អាហារ។ ផ្អែកលើឥរិយាបថនៃការបរិភោគរបស់មនុស្ស មនុស្សមិនស្ថិតនៅលើគេទេ ព្រោះថាដើម្បីក្លាយជាភាវៈដែលស្ថិតនៅលើគេ លុះត្រាតែភាវៈនោះស៊ីតែសាច់ភាវៈដទៃជាអាហារតែមួយមុខប៉ុណ្ណោះ ប៉ុន្តែតាមការពិតទៅមនុស្សបរិភោគទាំងសាច់ និងរុក្ខជាតិ ឬបន្លែផ្លែឈើរួមគ្នា។

3. ឆ្មា និងឆ្កែមើលឃើញតែពណ៌ស-ខ្មៅ

គេតែងតែជឿថាសត្វឆ្មា និងសត្វឆ្កែ អាចមើលឃើញតែពណ៌ខ្មៅនិងពណ៌សប៉ុណ្ណោះ។ ការជឿនេះមានឡើងចាប់ពីមានការពិសោធន៍មួយនៅឆ្នាំ១៩១៥។ បន្ទាប់មក ការធ្វើពិសោធន៍ក្រោយៗបានបង្ហាញថាឆ្មាអាចមើលឃើញពណ៌ ប៉ុន្តែមិនអាចមើលឃើញពណ៌ក្រហម ឬឃើញពណ៌ក្រហមស្រាលជាងមនុស្ស។ ដូចគ្នាដែរ សត្វឆ្កែគឺងងឹតតែពណ៌ខ្លះ ហើយមិនអាចបែងចែករវាងពណ៌ក្រហមនិងពណ៌ទឹកក្រូចប៉ុណ្ណោះ ប៉ុន្តែមិនមានបញ្ហាចំពោះពណ៌ផ្សេងទៀតឡើយ។

4. មនុស្សមានវិញ្ញាណតែ៥

ជាទូទៅគេតែងនិយាយថា មនុស្សមានវិញ្ញណចំនួន៥ ប៉ុន្តែតាមការពិតប្រសិនបើវិញ្ញាណជាផ្លូវ ឬរបៀបដែលខួរក្បាលទទួលបានព័ត៌មានពីពិភពលោកជុំវិញនោះ មនុស្សមានវិញ្ញាណច្រើនជាង ៥ ដែលអាចត្រូវបានដាក់ឈ្មោះ។ ភាពឃ្លាន ការស្រេកទឹក និងការឈឺចាប់ជារឿយៗក៏ត្រូវបានគេដាក់ឈ្មោះថាជាវិញ្ញាណដែរ ព្រោះវាផ្តល់នូវព័ត៌មានអំពីស្ថានភាពរាងកាយរបស់យើង។ បញ្ជីឈ្មោះវិញ្ញាណអាចមានច្រើនទៀតអាស្រ័យលើនិយមន័យនៃពាក្យវិញ្ញាណដែលគេប្រើ។

5. អណ្តាតស្គាល់រសជាតិតាមផ្នែករបស់វា

អ្នកប្រហែលជាធ្លាប់លឺថា អណ្តាតមាន៤ផ្នែករសជាតិផ្សេងៗគ្នាដូចជា ផ្អែម ជូរ ប្រៃ និងល្វីង ហើយសន្មតថារសជាតិនៃអាហារត្រូវបានកំណត់នៅក្នុងផ្នែកជាក់លាក់ទាំងនេះ។ ប៉ុន្តែតាមការពិតទៅ អណ្តាតរបស់មនុស្សទាំងមូលអាចស្គាល់រសជាតិបានទាំងអស់ មិនមែនតាមផ្នែករសជាតិដូចការលើកឡើងទេ។ គំនិតអំពីផែនទីរសជាតិរបស់អណ្តាតនេះមានតាំងពីឆ្នាំ១៩០១ ហើយត្រូវបានគេបង្ហាញថាជាការយល់ខុសជាច្រើនដង។

6. ស្ករធ្វើឱ្យក្មេងមានសកម្មភាពហួសហេតុ

Loading...

ឪពុកម្តាយជាច្រើនជឿថាមានទំនាក់ទំនងរវាងសកម្មភាពហួសហេតុក្មេងៗ និងរបបអាហាររបស់ពួកគេ ប៉ុន្តែតាមការពិត ការសិក្សាភាគច្រើនមិនអាចរកឃើញទំនាក់ទំនងរវាងការបរិភោគជាតិស្ករនិងអាកប្បកិរិយារបស់ក្មេងនោះទេ។

7. Lemming (សត្វតូចៗដូចកណ្តុរ)សម្លាប់ខ្លួនជាច្រើន

ពាក្យចចាមរ៉ាមដ៏មានប្រជាប្រិយភាពបំផុតមួយគឺថាសត្វ Lemming បានធ្វើអត្តឃាតខ្លួនឯងដោយលោតចេញពីច្រាំងចំណោតថ្ម។ ការពិត ពាក្យចចាមរ៉ាមនេះចេញមកពីខ្សែភាពយន្ត Disney ដែលមានចំណងជើងថា Wild Wilderness ដែលមានឈុតឆាកសត្វទាំងនេះលោតចេញពីច្រាំងចំណោតថ្មដោយខ្លួនពួកវា។ មែនទែនទៅនេះជាអាកប្បកិរិយាជាធម្មតារបស់ពួកវា នៅពេលធ្វើចំណាកស្រុកដើម្បីរកកន្លែងរស់នៅថ្មី។

8. សត្វអូទ្រីសលាក់ខ្លួនដោយដាក់ក្បាលនៅក្នុងខ្សាច់

គេតែងនិយាយថា នៅពេលសត្វអូទ្រីសខ្លាច ពួកវាតែងយកក្បាលលាក់ចូលក្នុងខ្សាច់ ប៉ុន្តែតាមការពិតទៅ នៅពេលសត្វអូទ្រីសមានអារម្មណ៍ថាមានគ្រោះថ្នាក់ ពួកវាព្យាយាមរត់ចេញពីគ្រោះថ្នាក់។ ប្រសិនបើពួកវាមិនអាចរត់គេចខ្លួន ពួកវាផ្តួលខ្លួននឹងដីហើយសម្ងំស្ងៀម។ ពួកវាដាក់ក្បាលក្នុងខ្សាច់ តែនៅពេលពួកវាលេបគ្រួសនិងខ្សាច់ដើម្បីជួយរំលាយអាហារ ឬនៅពេលពួកវាជីករន្ធធ្វើសំបុកប៉ុណ្ណោះ។

9. សត្វត្រី Goldfish មិនអាចចាំអ្វីលើសពីមួយវិនាទី

អ្នកដែលមានការចងចាំមិនសូវពូកែច្រើនប្រៀបធៀបខ្លួនទៅនឹងត្រី Goldfish ដែលគេជឿថាអាចចងចាំត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។ ប៉ុន្តែតើវាជាការពិតឬ? ការពិសោធន៍ជាច្រើនបានបង្ហាញថា ត្រីដែលត្រូវបានបង្វឹកឱ្យឆ្លើយតបទៅនឹងសម្លេងជាក់លាក់មួយចំនួន វាអាចចងចាំនិងឆ្លើយតបទៅនឹងសម្លេងនោះរាប់ខែបន្ទាប់ពីការហ្វឹកហាត់។ ជាក់ស្តែងត្រី Goldfish អាចចងចាំបានដល់រយៈពេល៣ខែ។

10. មនុស្សមិនអាចដុះកោសិកាខួរក្បាលថ្មី

វាជាការយល់ច្រឡំមួយដែលថានៅពេលកោសិកាខួរក្បាលស្លាប់ មិនមានកោសិកាថ្មីលេចឡើង។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាខួរក្បាលរបស់យើងនៅតែបន្តផលិតកោសិកាថ្មីជានិច្ច។ ដំណើរការនេះត្រូវបានគេហៅថា neurogenesis ។

11. មានសរសៃឈាមដែលមានពណ៌ខៀវ

តាមពិតទៅ ការដែលយើងមើលឃើញសរសៃឈាមរបស់យើងមានពណ៌ខៀវ គឺវាគ្រាន់តែកើតឡើងដោយសារតែរលកពន្លឺឆ្លុះបញ្ចាំងពីស្បែករបស់យើងប៉ុណ្ណោះ។ សរសៃឈាមរបស់មនុស្សនៅតែមានពណ៌ក្រហមព្រោះឈាមមនុស្សគឺក្រហម។

12. សត្វអូដ្ឋរក្សាទុកទឹកនៅក្នុងបូករបស់វា

វាជាការពិតដែលសត្វអូដ្ឋអាចរស់នៅបានច្រើនថ្ងៃដោយមិនមានទឹក ប៉ុន្តែមិនមែនដោយសារវារក្សាទុក ទឹកនៅក្នុងបូករបស់វា ដូចដែលមនុស្សទូទៅគិតនោះទេ។ បូកនេះគឺរក្សាទុកជាលិកាខ្លាញ់មិនមែនទឹកនោះទេ។ ជាលិកានេះផ្តល់ឱ្យសត្វអូដ្ឋនូវថាមពលជាច្រើនថ្ងៃ ទោះមានកង្វះអាហារនៅវាលខ្សាច់។

ប្រភព៖ Brightside

Loading...